ពិធីសំណេះសំណាល ស្វាគមន៍និងតម្រង់ទិសនិស្សិត​ជំនាន់ទី៩!

ខេត្តរតនគីរី ១៧ តុលា ២០២៦— វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី មានមោទនភាព និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានប្រារព្ធ «ពិធីស្វាគមន៍ និងតម្រង់ទិសនិស្សិតជំនាន់ទី៩ ឆ្នាំសិក្សា ២០២៦-២០២៧ (ការចូលរៀនលើកទី១)» ឡើងយ៉ាងគគ្រឹកគគ្រេង និងប្រកបដោយបរិយាកាសស្និទ្ធស្នាល។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និង​បុគ្គលិកសិក្សា ជូនដល់ប្អូនៗនិស្សិតថ្មីទាំងអស់ ដែលបានសម្រេចចិត្តបោះជំហានចូលរួមកសាងអនាគតជាមួយគ្រឹះស្ថានឧត្តមសិក្សារបស់យើង។

ចំណុចសំខាន់ៗ និងសកម្មភាពក្នុងកម្មវិធី៖
កិច្ចស្វាគមន៍ សំណេះសំណាលនិងការលើកទឹកចិត្ត៖ ថ្នាក់ដឹកនាំវិទ្យាស្ថានបានឡើងមានមតិសំណេះសំណាល ស្វាគមន៍ និងផ្ដល់នូវការណែនាំដ៏មានតម្លៃដល់និស្សិតថ្មី ក្នុងការត្រៀមខ្លួនឆ្ពោះទៅរកភាពជោគជ័យលើកម្រិតវប្បធម៌ថ្នាក់ឧត្តមសិក្សា។

ការណែនាំអំពីកម្មវិធីសិក្សា និងបទបញ្ជាផ្ទៃក្នុង៖ ការពន្យល់លម្អិតអំពីក្របខណ្ឌមុខជំនាញ បច្ចេកវិទ្យាគាំទ្រការសិក្សា និងវិន័យការរៀបចំខ្លួនក្នុងនាមជាបញ្ញវន្តវ័យក្មេង។

បរិយាកាសរីករាយ និងការបង្កើតចំណងមិត្តភាព៖ និស្សិតថ្មីបានស្គាល់ពីមិត្តរួមជំនាន់ លោកគ្រូ-អ្នកគ្រូប្រចាំមុខជំនាញ ក៏ដូចជារចនាសម្ព័ន្ធគ្រប់គ្រងទូទៅរបស់វិទ្យាស្ថាន។

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ច្រើនកុះកររបស់ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ​ បុគ្គលិក និងប្អូនៗនិស្សិតទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕