អបអរសាទរ ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យអង្គរ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាសុី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសមាគមអភិវឌ្ឍន៍ការសិក្សាអប់រំកម្ពុជា-អាស៊ាន
សៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ប៉ែន ច័ន្ទចរិយា សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រួមជាមួយនឹងគណៈគ្រប់គ្រង និងក្រុមការងារ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ភាពជាដៃគូរដោយមានវត្តមានភាគីលោក ហួត គង់យូរ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរ (AU) លោក សំ ប៊ុនថន នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាសុី (CAPI) និងលោក សំ សុផល សមាជិកកក្រុមប្រឹក្សាភិបាលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិនៃសមាគមអភិវឌ្ឍន៍ការសិក្សាអប់រំកម្ពុជា-អាស៊ាន (CAEDA)។
ថ្លែងក្នុងអង្គពិធី លោកស្រីសាកលវិទ្យាធិការរង បានបង្ហាញនូវសេចក្តីសោមនស្សរីករាយក្នុងការចុះអនុស្សារណៈយោគយល់ដោយស្ថាប័នទាំង៤ឈរលើចក្ខុវិស័យរួមគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងគោលដៅអភិវឌ្ឍការអប់រំ និងកិច្ចសហប្រតិបត្តិការសំខាន់ៗទៀត ដែលជាការរួមចំណែកក្នុងចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានមានប្រសាសន៍លើកទឹកចិត្តនិស្សិតដែលជាយុវជនបន្តវេនឲ្យខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរស្តម្ភរបស់កម្ពុជា។
តាមរយៈការចុះអនុស្សារណៈនេះ ស្ថាប័នទាំង៤មានចក្ខុវិស័យ និងគោលបំណងរួមគ្នាក្នុងលើកកម្ពស់គុណភាពអប់រំ តាមរយៈការសហការនៅក្នុងវិស័យបណ្តុះបណ្តាល ការស្រាវជ្រាវ និងកម្មវិធីអភិវឌ្ឍសមត្ថភាពផ្សេងៗ ដែលជាជំហានមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។
ក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈ ថ្នាក់ដឹកនាំនៃស្ថាប័នទាំង៤ បានថតរូបទុកជាអនុស្សាវរីយ៍ និងធ្វើដំណើរទស្សនកិច្ចនៅបរិវេណសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។

